ទន្លេមេគង្គជាអាយុជីវិត សូមបញ្ឈប់គម្រោងទំនប់វារីអគ្គិសនីដនសាហុង
ទន្លេមេគង្គជាម្ដាយនៃទន្លេទាំងអស់ ដែលផ្តល់នូវធនធានទ្រទ្រង់ជីវិតមនុស្សរាប់លាននាក់។ ប៉ុន្តែ អនាគតនៃទន្លេមេគង្គ និងប្រជាជននៅតាមទន្លេមេគង្គនេះ ស្ថិតក្នុងហានិភ័យ។ រដ្ឋាភិបាលនៃប្រទេសឡាវមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ទំនប់វារីអគ្គិសនីទីពីរដែលត្រូវស្នើសុំសាងសង់នៅតាមដងទន្លេមេគង្គក្រោម គឺនៅចំផ្លូវយ៉ាងសំខាន់នៃទន្លេមេគង្គដែលអនុញ្ញាតឱ្យត្រីផ្លាស់ប្ដូរទីទៅមកពេញមួយឆ្នាំ។ ប្រសិនបើ គម្រោងនេះត្រូវបានសាងសង់តាមគម្រោង នោះទំនប់វារិអគ្គិសនីដនសាហុងនេះនឹងបិទទន្លេហ៊ូសាហុងទាំងស្រុង ធ្វើឲ្យមានគ្រោះថ្នាក់ដល់ការផ្លាស់ប្ដូរទីរបស់ត្រីនៅទូទាំងតំបន់ ដោយបង្កឲ្យមានផលវិបាកយ៉ាងខ្លាំងដល់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតនៅក្នុងប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាម។
ទីតាំងទំនប់វារិអគ្គិសនីដនសាហុងគឺជាផ្នែកតែមួយគត់នៃទន្លេមេគង្គ ជាកន្លែងរស់នៅសម្រាប់ត្រីមួយប្រភេទដែលកំពុងប្រឈមការវិនាសផុតពូជគឺត្រីផ្សោតអ៊ីរ៉ាវ៉ាឌី ក៏ដូចជាល្បាក់ខោនដែលជារូបសំណាក និងនៅជិតតំបន់រ៉ាំសា ជាតំបន់ការពារលក្ខណៈអន្តរជាតិនៅផ្នែកខាងក្រោមទន្លេនៅក្នុងប្រទេសកម្ពុជា។ ជីវិតរស់នៅក្នុងតំបន់នេះ និងនៅទូទាំងតំបន់ទន្លេមេគង្គ ប្រទាក់ប្រទិនគ្នាជាមួយនឹងទន្លេដែលផ្ដល់នូវអត្តសញ្ញាណនិងប្រវត្តិយ៉ាងសម្បូរបែប ក៏ដូចជាការផ្ដល់ប្រភពប្រាក់ចំណូល និងសន្តិសុខស្បៀងដែរ។
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣មក រដ្ឋាភិបាលឡាវបានខិតខំប្រឹងប្រែងជំរុញឱ្យគម្រោងទំនប់វារីអគ្គិសនីដនសាហុងដំណើរការទៅមុខ ដោយចាប់ផ្តើមដំណើរការសាងសង់មុនពេលពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលប្រទេសជិតខាង និងដោយគ្មានការសិក្សាគ្រប់ជ្រុងជ្រោយដើម្បីវាស់ស្ទង់អំពីផលប៉ះពាល់ឆ្លងប្រទេសដោយសារគម្រោងនេះឡើយ។ វិធានការបន្ធូរបន្ថយផលប៉ះពាល់ដែលស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ពុំបានបង្ហាញថា អាចអនុវត្តបានដែរ។ ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ធំៗដោយសារទំនប់វារីអគ្គិសនីដនសាហុង និងបានអំពាវនាវឱ្យប្រកាសផ្អាកជាបណ្ដោះអាសន្ន រយៈពេល១០ឆ្នាំ សម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងអស់នៅទន្លេមេគង្គ។ រដ្ឋាភិបាលនៃប្រទេសទាំងបួន តាមគម្រោងនឹងត្រូវជួបប្រជុំគ្នានៅខែមករា គឺនៅចុងបញ្ចប់នៃដំណើរការពិគ្រោះយោបល់ថ្នាក់តំបន់រយៈពេលប្រាំមួយខែ ដើម្បីសម្រេចអំពីអនាគតនៃទំនប់វារីអគ្គិសនីដនសាហុង។
វាល្មមដល់ពេលសំខាន់ដែលយើងត្រូវរួមគ្នាសម្ដែងមតិដើម្បីឲ្យសំឡេងរបស់យើងបានឮ៖ គឺអំពាវនាវទៅមេដឹកនាំប្រទេសនៅតំបន់ទន្លេមេគង្គ សូមឲ្យឈប់យកជីវិតរបស់ប្រជាជន និងអនាគតនៃធនធានយ៉ាងសំខាន់ដែលមានការគាំទ្រដោយគណកម្មការទន្លេមេគង្គ មកលេងសើចតទៅទៀត។ យើង អំពាវនាវទៅរដ្ឋាភិបាលឡាវ កម្ពុជា ថៃ និងវៀតណាម សូមមោឃភាពគម្រោងទំនប់វារីអគ្គិសនីដនសាហុង និងសូមស្វែងរកជម្រើសគម្រោងថាមពលដែលមាននិរន្តរភាពជាងនេះថែមទៀតដោយធានាបាននូវអនាគតត្រីទន្លេមេគង្គ និងប្រជាជនដែលរស់នៅតាមទន្លេនេះ។